ផ្សែង​អព្ភពុល​តែង​តែ​មកលង​ប្រទេស​ចិនជាញឹក​ញយ​

ចាប់​តាំងពី​ចិន​ងើប​ឡើង​ក្លាយ​ជាប្រទេស​មហាអំណាច​ខាង​សេដ្ឋកិច្ច​ទីពីរ​លើ​ ពិភព​លោក​រួចមក​ វិស័យ​ឧស្សាហកម្ម​ និងផលិត​កម្ម​នានា​នៅក្នុង​ប្រទេស​ចិន​បាន​កើន​ឡើង​យ៉ាង​ផុស​ផុល​ជាលំដាប់​ ឥត​ស្រាកស្រាន្ត​ ។ ដំណើរ​នេះ​បានធ្វើ​ឱ្យប្រទេស​ចិនរីក​មុខរីក​មាត់ ​និងទទួល​បាន​ផល​ប្រយោជន៍​យ៉ាង​ក្រាស់​ក្រែល​ក្នុង​វិស័យ​សេដ្ឋកិច្ច ​ប៉ុន្តែ​ជាអកុសល ​ចិនក៏​ទទួល​រងមក​វិញនូវ​ឥទ្ធិពល​អាក្រក់​ពីការ​បំពុល​បរិយាកាស​ ដោយ​សារឧស្ម័ន​ពុល​ដែល​សាយ​ភាយ​ចេញ​ពីចលនា​នៃគ្រឿង​ចក្រ​ និងសារ​ធាតុ​ពុល​ផ្សេងៗ​ទៀត ។​
 
យោង​តាម​សារពត៌​មាន​ក្រុង​សៀង​ហៃ​បាន​រាយការណ៍​ឱ្យដឹងថា​ ថ្មីៗ​នេះខេត្ត ​និងក្រុង​មួយ​ចំនួន​នៅក្នុង​ប្រទេស​ចិនបាន​នឹងកំពុង​រងគ្រោះ​ដោយ​សារ​ផ្សែង ​អព្ភពុល​ដែល​កំពុង​ហោះ​ត្រដែត​នៅពាស​ពេញ​ក្នុង​បរិយាកាស​យ៉ាង​ខ្លាំង ​រហូត​ដល់​ក្រសួង​សុខាភិបាល​ និង​ក្រសួង​បរិស្ថាន​ចិន ​ចេញ​សេចក្ដី​ប្រកាស​អាសន្ន​ ឬកាត​លឿង​អំពី​ដំណើរ​ដ៏អាក្រក់​នេះ​ ។ កន្លងមក ​ទីក្រុង​ប៉េកាំង ​និងក្រុង​ល្បីៗ​មួយ​ចំនួន​ទៀត ​តែងតែ​ត្រូវ​បាន​យារយី​ដោយ​ឧស្ម័នពុល ​ដែល​សាយ​ភាយ​ចេញ​ពីរោងចក្រ​ឧស្សាហកម្ម​ និងយាន្ត​យន្ត​ដ៏កកកុញ​នៅក្នុង​ប្រទេស​របស់ខ្លួន ​ហើយ​ឧស្ម័ន​ពុល​ទាំងអស់​នោះគឺ​មិនបាន​រសាត់ ​ឬបាត់​ទៅណា​ឆ្ងាយឡើយ​ ។ ដោយ​សារតែ​កម្រមានភ្លៀងធ្លាក់​ដើម្បីជួយ​លាង​ជម្រះ ​ឬបក់​យក​ឧស្ម័ន​ពុល​ទាំងនោះ​ទៅឱ្យ​ឆ្ងាយ​ ទើប​រដ្ឋាភិបាល​ចិនបាន​សម្រេច​ឱ្យមាន​គម្រោង​បង្កើត​ភ្លៀង​សិប្បនិម្មិត ​ដែល​ច្នៃឡើង​ដោយ​កាំជ្រួច ​និងពពក​សិប្ប​និមិ្មត​ឱ្យទៅ​ប្រមូល​ផ្ដុំនៅ​លើ​អាកាស​ដើម្បី​បង្អុរ​ ជាភ្លៀង​ធ្លាក់​ចុះមក​ ។ ក្រៅពី​រងគ្រោះ​ដោយ​សារភាព​កម្រ​មា​នភ្លៀង​ធ្លាក់​នៅក្នុង​ផ្នែក​មួយ​ចំនួន ​ប្រទេស​ចិនក៏​កំពុង​រងគ្រោះ​ខ្លាំង​ដោយ​សារការ​ឡើង​កម្ដៅ​នៃភព​ផែន​ដីផងដែរ ​ ដែល​សីតុណ្ហភាព​នោះ​គឺនៅ​ក្នុង​កម្រិត​ពី៤៥-៥០អង្សាសេ ​នេះបើ​តាម​សេចក្ដី​រាយការណ៍​របស់​សារពត៌​មាន​ CCTV ។
 
 ប្រទេស​ចិន​គឺជាប្រទេស​ដែល​កំពុង​ជាប់​ឈ្មោះ​ខាង​បំពុល​បរិស្ថាន​លំដាប់​ ទីពីរ​លើពិភព​លោក​បន្ទាប់​ពីសហរដ្ឋ​អាមេរិក​ ។ សូម្បីតែ​ភ្លៀង​សិប្បនិម្មិត​ក៏មិន​អាច​ជួយ​ប្រទេស​ចិន​ឱ្យរួច​ផុតពី​ឧស្ម័ន ​ពុល​បានផង​ តើនៅ​ថ្ងៃខាង​មុខ​ប្រទេស​ចិននឹង​ក្លាយ​ទៅជា​យ៉ាងណា ​ប្រសិន​បើមិន​មាន​វិធានការណ៍​ និងយន្ត​ការណ៍​ណាមួយ​ប្រកប​ដោយ​ប្រសិទ្ធភាព ​និងគតិយុត្ត​ទេនោះ​។ ដ្បិតតែ​ប្រទេស​ចិន​ជាប្រទេស​មហា​អំណាច​ខាង​សេដ្ឋកិច្ច​ប៉ុន្តែ​ភាព​គ្មាន​ ការងារ​ធ្វើ​ អំពើ​ពុករលួយ​ ការ​រំលោភ​សិទ្ធ ​ភាព​ក្រីក្រ​ បញ្ហា​សុខុមាល​ភាព​របស់​ប្រជាជន​ជាដើម​នៅ​តែជា​ប្រធានបទ​ដ៏ក្ដៅ​គគុក​ សម្រាប់​ប្រទេស​ផ្សេងៗ​ទៀត​យក​មកជជែក​ យកមក​និយាយ​ជារឿយៗ​នៅក្នុង​មហា​សន្និ​បាត​កំពូលៗ ៕​​

ប្រភពដើម: ​​ www.cool1007.com

Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment

0 comments:

Post a Comment